ទស្សនៈព្រឹត្តិការណ៍ពិភពលោក ទស្សនៈព្រឹត្តិការណ៍ពិភពលោក
Verfügbare Folgen 5 von 23
ទំនាក់ទំនងសេដ្ឋកិច្ចមរវាងអ៊ីតាលី និងលីប៊ីហាក់នៅរលូន ទោះលីប៊ីកំពុងបន្តអូសជើងនៅក្នុងវិបត្តិនយោបាយ
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រីចរចា មេឡូនីបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសលីប៊ីកាលពីថ្ងៃសៅរ៍ ទី២៨ មករា។ នាឱកាសនោះ កិច្ចព្រមព្រៀងដ៏សំខាន់មួយត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនប្រេងឥន្ធនៈយក្សរបស់អ៊ីតាលីឈ្មោះអេនី Eni និងក្រុមហ៊ុនប្រេងឥន្ធនៈជាតិលីប៊ីឈ្មោះ NOC។ អ្វីទៅគោលដៅនៃទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលអ៊ីតាលីនៅលីប៊ី និងថា តើអ៊ីតាលីអាចធ្វើអ្វីបានខ្លះដើម្បីជួយដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់លីប៊ីសព្វថ្ងៃនេះ?។
វត្តមានរបស់លោកស្រីចរចា មេឡូនីនៅក្នុងប្រទេសលីប៊ីបានធ្វើឡើងក្នុងនាមជានាយករដ្ឋមន្រ្តីអ៊ីតាលី និងក្នុងនាមជាថ្នាក់ដឹកនាំអឺរ៉ុបម្នាក់។ មួយវិញទៀត នេះជាលើកទី១ តាំងពី ២ឆ្នាំដែលមានថ្នាក់ដឹកនាំអឺរ៉ុបម្នាក់ដាក់ជើងជាន់ទឹកដីលីប៊ី។ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតក្នុងក្រុងទ្រីប៉ូលី លោកស្រីមេឡូនីបានថ្លែងច្បាស់ៗថា លីប៊ីជាអាទិភាពមួយសម្រាប់អ៊ីតាលី សម្រាប់ស្ថិរភាពនៅសមុទ្រមេឌីទែររ៉ាណេ សម្រាប់សន្តិសុខអ៊ីតាលី និងសម្រាប់បញ្ហាប្រឈមធំៗដែលអឺរ៉ុបកំពុងជួបប្រទះ ដូចយ៉ាងវិបត្តិថាមពល។ តាមរយៈការថ្លែងនេះនាំគេយល់បានភ្លាមថា គឺថាមពលរបស់លីប៊ី ពិសេសឧស្ម័នដែលអ៊ីតាលី និងអឺរ៉ុបកំពុងត្រូវការខ្លាំងជាងពេលណាៗទាំងអស់ ពោលតាំងពីរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។
អ៊ីចឹងហើយបានជានាឱកាសទស្សនកិច្ចរបស់លោកស្រីមេឡូនីនៅលីប៊ី មានកិច្ចព្រមព្រៀងដ៏សំខាន់មួយត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនប្រេងឥន្ធនៈយក្សរបស់អ៊ីតាលីឈ្មោះអេនី Eni និងក្រុមហ៊ុនប្រេងឥន្ធនៈជាតិលីប៊ីឈ្មោះ NOC។ តាមរយៈកិច្ចព្រមព្រៀងមួយនេះ ក្រុមហ៊ុនអ៊ីតាលីអេនីបានបោះទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ៨ ០០០លានដុល្លារសម្រាប់រយៈពេល ៣ឆ្នាំលើអណ្តូងឧស្ម័នចំនួន ២កន្លែងនៅលីប៊ី។ តាមពិតទៅ ក្រុមហ៊ុនអ៊ីតាលីមួយនេះមានវត្តមាននៅលើទឹកដីលីប៊ីតាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ។ តែបើតាមប្រធានក្រុមហ៊ុនអេនីលោក Claudio Descalzi នេះជាលើកទី១ គិតតាំងពី ២៥ឆ្នាំដែលក្រុមហ៊ុនរបស់លោកទទួលបានគម្រោងវិនិយោគដ៏ធំជាប្រវត្តិសាស្រ្ត។
គេអាចនិយាយបានជាទូទៅថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអ៊ីតាលី និងលីប៊ីមានភាពល្អគួរឲ្យកត់សម្គាល់។ តាមស្ថានទូតអ៊ីតាលីប្រចាំក្រុងទ្រីប៉ូលី ការដោះដូរពាណិជ្ជកម្មរវាងអ៊ីតាលី និងលីប៊ីក្នុងរយៈពេល ១០ខែនៃឆ្នាំ ២០២២ មានទឹកប្រាក់ដល់ទៅ ១០០ពាន់លានដុល្លារ ពោលបានកើនឡើងជាង ៧៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ កំណើននៃការដោះដូរពាណិជ្ជកម្មនេះបានធ្វើឲ្យអ៊ីតាលីក្លាយជាដៃគូពាណិជ្ជកម្មទី១ របស់លីប៊ីនៅពីមុខចិន និងតួកគី។ តែលោកស្រីមេឡូនី និងសមភាគីលីប៊ីលោកអាប់ឌែលឡាមី ដាបៃបាបានប្តេជ្ញាពង្រឹងឲ្យកាន់តែខ្លាំងបន្ថែមទៀត។ ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលអ៊ីតាលីក៏បានលើកឡើងពីការជួសជុលអាកាសយានដ្ឋានក្រុងទ្រីប៉ូលីឡើងវិញ និងពីភាពចាំបាច់ក្នុងការត ភ្ជាប់ជើងហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរឲ្យបានឆាប់បំផុត។
ក្រៅពីសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលអ៊ីតាលី និងលីប៊ីមិនពិបាកសហការគ្នា នៅមានរឿងអន្តោប្រវេសន៍ដែលប្រទេសទាំងពីរអាចពិបាកដោះស្រាយ និងដែលរឿងមួយនេះក៏មានជាប់ពាក់ព័ន្ធនឹងអឺរ៉ុបដែរ។ គួរបញ្ជាក់ថា អ៊ីតាលីជាប្រទេសអឺរ៉ុបដែលជាប់ពាក់ព័ន្ធផ្ទាល់នឹងលំហូរអន្តោប្រវេសន៍ខុសច្បាប់តាមសមុទ្រចេញពីឆ្នេរលីប៊ី។ តាមតួលេខផ្លូវការ មានជនអន្តោប្រវេសន៍ជាង ១០៥ ០០០នាក់បានធ្វើដំណើរតាមសមុទ្រចេញពីឆ្នេរលីប៊ីចូលអ៊ីតាលីក្នុងឆ្នាំ ២០២២។ លោកស្រីមេឡូនីដែលជាអ្នកស្តាំនិយមជ្រុលទើបឡើងកាន់តំណែងក្នុងខែតុលា ឆ្នាំ ២០២២ បានប្តេជ្ញាទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីលីប៊ី។
តែដើម្បីអាចឈានទៅសម្រេចគោលដៅមួយនេះបាន ការរួមសហការពីរដ្ឋាភិបាលលីប៊ីជារឿងចាំបាច់មិនអាចខ្វះបាន។ តែគេមិនត្រូវភ្លេចនិយាយទេថា ដរាបណាលីប៊ីនៅបន្តអូសជើងនៅក្នុងវិបត្តិនយោបាយហែកហួរផ្ទៃក្នុង ដរាបនោះគេពិបាកទប់ស្កាត់នឹងលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីលីប៊ី។ ចូរកុំភ្លេចថា តាំងពីការដួលរលំរបបដឹកនាំផ្តាច់ការរបស់កាដាហ្វីក្នុងឆ្នាំ ២០១១ មក លីប៊ីបានក្លាយជាផ្លូវមានអំណោយផលល្អណាស់សម្រាប់ជនអន្តោប្រវេសន៍មកពីតំបន់អាស៊ីខាងត្បូង តំបន់អាហ្រ្វិកសាហារ៉ា និងបណ្តាប្រទេសអារ៉ាប់ដែលចង់ឆ្លងចូលទឹកដីអឺរ៉ុបក្រោមហេតុផលផ្សេងៗ។ មួយវិញទៀតរហូតមកដល់ពេលនេះ លីប៊ីកំពុងបន្តពុះចែកជាពីរដោយនៅម្ខាង តំបន់ប៉ែកខាងលិចនៅក្រុងទ្រីប៉ូលីកំពុងដឹកនាំដោយរដ្ឋាភិបាលទទួលស្គាល់ដោយសហគមន៍អន្តរជាតិរបស់លោកអាប់ឌែលឡាមី ដាបៃបា។
ចំណែកម្ខាងទៀត តំបន់ប៉ែកខាងកើតកំពុងគ្រប់គ្រងដោយលោកហ្វាទី បាឆាហ្កាដែលគាំទ្រដោយមនុស្សខ្លាំងលោកខាលីហ្វា ហាហ្វតារ។ ប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុងនៅលីប៊ីនេះ លោកស្រីមេឡានីបានរម្លឹកពីការត្រៀមខ្លួនរបស់អ៊ីតាលីក្នុងការជួយដោះស្រាយតាមរយៈការរៀបចំបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។ តែគេត្រូវដឹងថា វិបត្តិនយោបាយផ្ទៃក្នុងនៅលីប៊ីក៏ដូចជានៅប្រទេសផ្សេង ជម្រើសនៃការដោះស្រាយរវាងភាគីជម្លោះផ្ទៃក្នុងដោយគ្មានការលូកដៃពីក្រៅជាជម្រើសតែមួយគត់។ តែដើម្បីអាចមានជម្រើសមួយនេះបាន តម្រូវការឆន្ទៈនយោបាយ ការយោគយល់ និងការជឿទុកចិត្តគ្នារវាងភាគីជម្លោះផ្ទៃក្នុងជារឿងអាទិភាពដែលត្រូវមានមុនគេ៕
អ្វីជាចំណុចគន្លឹះក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅស៊្វីសឆ្នាំ២០២៣?
សេដ្ឋកិច្ចសកលបន្ដធ្លាក់ថមថយ វិបត្តិសង្គ្រាមអ៊ុយក្រែន បញ្ហាប្រជែងភូមិសាស្ត្រនយោបាយ ការបង្កើនការរឹតបន្ដឹងលើពាណិជ្ជកម្មអន្ដរជាតិ និងវិបត្តិប្រែប្រួលអាកាសធាតុ បានគ្របដណ្ដប់លើប្រធានចម្បងៗ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos ប្រទេសស៊្វីស នៅក្នុងខែមករា ឆ្នាំ២០២៣នេះ។ ក៏ប៉ុន្តែ ក្ដីសង្ឃឹមនៃភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្ន ក៏នៅតែបន្ដមានផងដែរ លើទស្សនវិស័យសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំខាងមុខ។
ជារៀងរាល់ឆ្នាំ នៅខែមករា នៅក្នុងទីក្រុងDavos ប្រទេសស៊្វីសតាមរយៈវេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) បានទទួលស្វាគមន៍ អ្នកដឹកនាំពិភពលោក រាប់សិបពាន់នាក់ ទាំងក្នុងវិស័យសាធារណៈ ឯកជន អង្គការអន្ដរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសកលចម្បងៗ។ តើអ្វីជាចំណុចគន្លឹះក្នុងកិច្ចប្រជុំសកលឆ្នាំ២០២៣នេះ?
សេដ្ឋកិច្ចសកលបន្ដធ្លាក់ថមថយ
ភាពអាប់អួនៅតែបន្ដកើនមាននៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយវិបត្តិសកលនានា បានបន្ដក្លាយជាប្រធានបទចម្បងៗ នៅក្នុងសន្និសិទ្ធទីក្រុង Davos ប្រទេសស៊្វីស ក៏ប៉ុន្តែ ក្ដីសង្ឃឹមនៃភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្នក៏នៅមានផងដែរ សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំខាងមុខ។
លោក Daniel Pinto ប្រធានធនាគារ JP Morgan បានលើកឡើងថា "បញ្ហានានានៅមិនទាន់ត្រលប់មករកភាពល្អប្រសើរវិញនោះទេ ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតល្អជាងអ្វីដែលធ្លាប់មានពីមុនមក។"
ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ការឈ្លានភាពរបស់រុស្ស៊ីលើអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ យោងតាមស្ថាប័ននេះ កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ២០០១ លើកលែងតែយើងប្រៀបធៀបជាមួយអំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ២០០៨ និងអំឡុងពេលធ្លាក់ចុះខ្លាំង នៅពេលដែលជំងឺកូវីដ១៩កំពុងកើនឡើងខ្លាំង នៅឆ្នាំ២០២០។
សង្គ្រាមអ៊ុយក្រែន និងកត្តាភូមិសាស្ត្រនយោបាយ
សេចក្តីសន្និដ្ឋានរួមទាញចេញពីសន្និសីទគឺថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមានបំណងបង្កើនជំនួយអាវុធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុទៅឱ្យអ៊ុយក្រែន ក្នុងកម្រិតទ្វេដង ដើម្បីការពារខ្លួនប្រឆាំងនឹងរុស្ស៊ី។ ក៏ប៉ុន្តែ ក៏មានការលើកឡើងអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការបែងចែកពិភពលោកបន្ថែមទៀត ហើយពួកគេបានលើកទឹកចិត្តឱ្យមានការវិលត្រឡប់មករកតុចរចាវិញឱ្យកាន់តែឆាប់។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្អែកតាមអ្នកជំនាញ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើតមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការវិលត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។
បញ្ហាពាណិជ្ជកម្មអន្ដរជាតិ
លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្មអន្ដរជាតិ (WTO) បានព្រមានអំពីហានិភ័យនៃការរឹតបន្ដឹងបន្ថែមទៀតលើពាណិជ្ជកម្មអន្ដរជាតិ ព្រោះថាមហាអំណាចពាណិជ្ជកម្មទាំងបី តួយ៉ាង សហរដ្ឋអាមេរិក អឺរ៉ុប និងចិន បានបន្ដជំរុញគោលនយោបាយឧស្សាហកម្មថ្មីរបស់ពួកគេ ហើយវាកាន់តែរឹងបន្ដឹងលើពាណិជ្ជកម្មសេរី។ នយោបាយនេះនឹងបង្កផលប៉ះពាល់ដោយផ្ទាល់លើកម្មករ តម្លៃទំនិញប្រើប្រាសឡើងថ្លៃ និងការបង្អាក់ដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ប្រទេសភាគច្រើនបានបន្ដផ្ដល់ជំនួយដល់ក្រុមហ៊ុនរោងចក្រក្នុងស្រុក និងបង្កើនពន្ធដារលើទំនិញនាំចូល ដើម្បីឱ្យទំនិញក្នុងស្រុកមានប្រៀបជាងទំនិញក្រៅស្រុក ក៏ប៉ុន្តែ វាក៏ផ្ដល់ផលដល់ការឡើងតម្លៃទំនិញនាំចូលផងដែរ។
បញ្ហាអាកាសធាតុ
ពិភពលោកកំពុងប្រឈមមុខនឹងកម្ដៅផែនដីកើនឡើង ១,៥អង្សាសេ ដែលលើសការរំពឹងទុកខ្លាំង។ រលកកំដៅបានឆាបឆេះប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅរដូវក្ដៅឆ្នាំមុន ហើយវាបានឆក់យកជីវិតមនុស្សរាប់លាននាក់។ ហេតុការណ៍ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់នៅអាហ្រ្វិកខាងត្បូង។ គេអាចសង្កេតឃើញថា គ្រោះមហន្ដរាយធម្មជាតិបានកើតឡើងនៅជុំវិញពិភពលោក ក្នុងកម្រិតកាន់តែញឹកញាប់ និងកាន់តែមានទំហំធំ។
ជារួម ការឡើងកម្ដៅផែនដី និងបញ្ហាអាកាសធាតុបច្ចុប្បន្ន គឺជាកម្រិតប្រកាសអាសន្ន ដែលមេដឹកនាំពិភពលោកធ្លាប់បាននិយាយថា ពួកគេនឹងព្យាយាមមិនឱ្យផែនដីឡើងកម្ដៅដល់កម្រិតនេះទេ។ ប៉ុន្តែ ការសន្យាដ៏ធំនេះមិនទាន់ក្លាយជាគោលនយោបាយអនុវត្តជាក់ស្ដែងនៅឡើយទេ៕
ទ្រនិចនាឡិកា “ថ្ងៃលោកវិនាស” រំកិលទៅមុខជិតដល់ចំណុចចុងក្រោយ
កាលពីថ្ងៃអង្គារ ២៤មករា ក្រុមអ្នកវិទ្យាសាស្រ្តទទួលបន្ទុកចាត់ចែងនាឡិកា “ថ្ងៃលោកវិនាស” បានរំកិលទ្រនិចនាឡិកាទៅមុខ គឺទៅត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ ពីចំណុចចុងក្រោយ ដែលកំណត់ពីការវិនាសហិនហោចនៃមនុស្សជាតិនៅលើភពផែនដីទាំងមូល។ តើនាឡិកា “ថ្ងៃ លោកវិនាស” នេះ គឺជាអ្វី? មានដើមកំណើតមកពីណា? ហើយតើវាមានសុក្រឹតភាពប៉ុណ្ណា?
នាឡិកា “ថ្ងៃលោកវិនាស” ឬហៅជាភាសាអង់គ្លេសថា « Doomsday Clock » ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៤៧ ដោយអ្នកវិទ្យាសាស្រ្តមួយក្រុម ដែលធ្លាប់ជាផ្នែកមួយនៃគម្រោងផលិតអាវុធនុយក្លេអ៊ែររបស់អាមេរិក កាលពីក្នុងអំឡុងសង្គ្រាមលោកលើកទី២ (គម្រោងដែលមានឈ្មោះសម្ងាត់ថា « Manhattan Project »)។
ក្រុមអ្នកវិទ្យាសាស្រ្តនេះ ដែលមានឈ្មោះថា « Bulletin of the Atomic Scientists » ហើយដែលនៅក្នុងចំណោមសមាជិកស្ថាបនិក ក៏មានលោក អាល់ប៊ែរ អាញស្តាញផងដែរ បានបង្កើតនាឡិកា “ថ្ងៃលោកវិនាស” ឡើង ដើម្បីជានិមិត្តរូបបង្ហាញ អំពីដំណើរឈានទៅរកចំណុចគ្រោះថ្នាក់ នៃការវិនាសហិនហោចមនុស្សជាតិនៅលើភពផែនដីទាំងមូល ដោយសារតែស្នាដៃរបស់មនុស្សជាតិយើងខ្លួនឯងផ្ទាល់។
កាលពីដំបូង នាឡិកា “ថ្ងៃលោកវិនាស” នេះ វាស់វែងតែទៅលើហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរតែប៉ុណ្ណោះ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០៧មក គេបានដាក់បញ្ចូលចំណុចវាស់វែងមួយបន្ថែមទៀត គឺការប្រែប្រួលអាកាសធាតុ ដែលសុទ្ធសឹងតែជាផលវិបាក ដែលបង្កឡើងដោយមនុស្សយើងខ្លួនឯង។
ជារៀងរាល់ឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្ត អមទៅដោយក្រុមប្រឹក្សាផ្តល់យោបល់ជាច្រើននាក់ ដោយនៅក្នុងនោះមានទាំងជ័យលាភីណូបែល ១០នាក់ផង សម្រេចកំណត់ទីតាំងនៃទ្រនិចនាឡិកា អាស្រ័យទៅតាមកម្រិតគ្រោះថ្នាក់នៃការវិនាសហិនហោចមនុស្សជាតិដែលគេបានវាយតម្លៃឃើញ ពោលគឺ ទ្រនិចនាឡិកាអាចស្ថិតនៅទីតាំងដដែល ប្រសិនបើហានិភ័យនៅដដែលមិនប្រែប្រួល ទ្រនិចនាឡិកាត្រូវរំកិលមកក្រោយ ប្រសិនបើហានិភ័យថយចុះ ហើយ វាត្រូវរំកិលទៅមុខ ប្រសិនបើហានិភ័យកើនឡើង ដោយចំណុចចុងក្រោយនៃការវិនាសភពផែនដី ស្ថិតនៅត្រង់ម៉ោង១២កណ្តាលអធ្រាត។
គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងមក ទ្រនិចនាឡិកានេះត្រូវបានគេរំកិលថយក្រោយចំនួន ៨ដង និងទៅមុខ ១៧ដង គិតជាសរុប ២៥ដង ដោយនៅក្នុងនោះ រំកិលទៅដល់ចំណុចឆ្ងាយបំផុត គឺ ១៧នាទីមុនកណ្តាលអធ្រាត កាលពីឆ្នាំ១៩៩១កន្លងទៅ នៅពេលដែលសង្គ្រាមត្រជាក់ត្រូវបិទបញ្ចប់ ហើយសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក ចច ប៊ូស និងប្រធានាធិបតីសហភាពសូវៀត មីកាអែល ហ្ក័របាឆូវ។
កាលពីថ្ងៃអង្គារ ២៤មករា ក្រុមអ្នកវិទ្យាសាស្រ្តបានសម្រេចរំកិលទ្រនិចនាឡិកាទៅមុខ មកនៅត្រឹមតែ ៩០វិនាទីប៉ុណ្ណោះមុនកណ្តាលអធ្រាត ដែលជាការរំកិលទៅកៀកនឹងចំណុចចុងក្រោយបំផុតមិនធ្លាប់មាន ចាប់តាំងពីគេបង្កើតនាឡិកានេះឡើង។
ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា ការសម្រេចរំកិលទ្រនិចនាឡិកាទៅមុខនៅពេលនេះត្រូវបានធ្វើឡើងដោយវាយតម្លៃទៅលើកត្តាជាច្រើនបូកបញ្ចូលគ្នា រាប់ចាប់តាំងពីវិបត្តិអាកាសធាតុ ដែលធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ ទាំងការគំរាមកំហែងផ្នែកជីវសាស្រ្ត ដែលបង្ហាញឲ្យឃើញ តាមរយៈការរាតត្បាតសកលនៃមេរោគកូវីដ១៩ ក៏ដូចជាការគំរាមកំហែងផ្នែកបច្ចេកវិទ្យា ជាដើម ជាពិសេស បច្ចេកវិទ្យាដែលជាចលករនៃការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក៏ប៉ុន្តែ កត្តាដែលជាគ្រោះថ្នាក់ចម្បងបំផុតនៅពេលនេះ ហើយដែលធ្វើឲ្យគេសម្រេចរំកិលទ្រនិចនាឡិកាទៅដល់កៀកនឹងចំណុចចុងក្រោយបំផុតមិនធ្លាប់មាន គឺសង្គ្រាមនៅអ៊ុយក្រែន ជាពិសេស គឺការគំរាមប្រើអាវុធនុយក្លេអ៊ែរម្តងហើយម្តងទៀតដោយរុស្ស៊ី ដែលកំពុងតែធ្វើឲ្យហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរត្រូវកើនឡើងដល់កម្រិតមួយខ្ពស់បំផុតកម្រនឹងឃើញមាននៅក្នុងប្រវត្តិសាស្រ្ត។
គួរបញ្ជាក់ថា ទ្រនិចនាឡិកា « Doomsday » នេះ មិនមែនជាការវាស់វែងដោយសុក្រឹតទៅលើការគំរាមកំហែងណាមួយដោយប្រាកដនោះទេ ក៏ប៉ុន្តែ វាជានិមិត្តរូបមួយ សម្រាប់ឲ្យគ្រប់គ្នាអាចមើលឃើញថា មនុស្សជាតិយើង តាមរយៈសកម្មភាពរបស់យើងផ្ទាល់ខ្លួនឯង កំពុងតែធ្វើដំណើរទៅកៀកប៉ុណ្ណានឹងការវិនាសហិនហោច ដើម្បីជាការដាស់ស្មារតីឲ្យយើងគិតគូរយកចិត្តទុកដាក់ អំពីបញ្ហាសំខាន់ៗ រួមមានបញ្ហារីកសាយភាយសព្វាវុធនុយក្លេអ៊ែរ និងបញ្ហាអាកាសធាតុ ជាដើម ដែលសុទ្ធសឹងជាបញ្ហាកំណត់ជោគវាសនារបស់មនុស្សជាតិយើងទាំងមូល។
សម្រាប់អ្នកវិទ្យាសាស្រ្ត គ្រោះថ្នាក់អស់ទាំងនេះ វាបង្កឡើងដោយសកម្មភាពរបស់មនុស្សយើង ដូច្នេះ វាជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ដែលត្រូវចូលរួមចំណែក ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចំពោះខ្លួនឯង៕
បារាំងបង្កើនថវិកាការពារជាតិដើម្បីត្រៀមខ្លួនសម្រាប់ករណីសង្គ្រាមទ្រង់ទ្រាយធំ
កាលពីថ្ងៃសុក្រ ២០មករាកន្លងទៅ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ រហូតដល់ទៅ ៤១៣ពាន់លានអឺរ៉ូ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ គឺពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។ សម្រាប់លោកម៉ាក្រុង ការបង្កើនថវិកាការពារជាតិនៅពេលនេះ វាគឺជារឿងចាំបាច់ ដើម្បីបង្កើនសមត្ថភាពកងទ័ពបារាំង ក្នុងបរិបទភូមិសាស្ត្រនយោបាយថ្មី ក្រោយសង្គ្រាមនៅអ៊ុយក្រែន។ តើកញ្ចប់ថវិកាការពារជាតិថ្មីនេះនឹងត្រូវផ្តោតទៅលើអ្វីខ្លះ?
កញ្ចប់ថវិកាការពារជាតិ ៤១៣ពាន់លានអឺរ៉ូ សម្រាប់រយៈពេល ៧ឆ្នាំ ឬប្រមាណជា ៥៩ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ វាមិនជាច្រើនប៉ុន្មានទេ បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក ដែលមានកញ្ចប់ថវិកាការពារជាតិរហូតដល់ទៅប្រមាណជា ៨០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ឬក៏ចិន ប្រមាណជា ៣០០ពាន់លានដុល្លារ។ ក៏ប៉ុន្តែ សម្រាប់បារាំង នេះគឺជាការបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ហើយបើធៀបទៅនឹង៧ឆ្នាំកន្លងទៅ ថវិកាការពារជាតិរបស់បារាំងនឹងត្រូវកើនឡើង រហូតដល់ទៅប្រមាណជា ៤០%ឯណោះ។
លើកចុងក្រោយបង្អស់ ដែលបារាំងបង្កើនថវិកាការពារជាតិច្រើនសន្ធឹកសន្ធាប់បែបនេះ គឺកាលពីអំឡុងទសវត្សរ៍ឆ្នាំ៦០ នៅពេលដែលឧត្តមសេនីយ៍ ស្ហាល ដឺហ្គោល សម្រេចប្រែក្លាយបារាំងឲ្យទៅជាមហាអំណាចនុយក្លេអ៊ែរ។
នៅក្នុងពេលប្រកាសបង្កើនថវិកាការពារជាតិនេះ លោកអេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា សម័យកាលសុខសន្តិភាព ដែលបារាំង ក៏ដូចជា អឺរ៉ុប ធ្លាប់ឆ្លងកាត់ ក្រោយពីបញ្ចប់សង្គ្រាមត្រជាក់មកនោះ កំពុងតែដើរមកដល់ទីបញ្ចប់ហើយនៅពេលនេះ ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះ វាជារឿងចាំបាច់ ដែលបារាំងត្រូវត្រៀមខ្លួន ដើម្បីប្រឈមនឹងបរិបទសន្តិសុខថ្មី។
ចំណុចរបត់ដ៏ចម្បងនៃយុទ្ធសាស្រ្តការពារជាតិរបស់បារាំងនៅពេលនេះ គឺការងាកចេញពីយុទ្ធសាស្រ្តសង្គ្រាមទ្រង់ទ្រាយតូច គឺសង្គ្រាមប្រឆាំងភេរវកម្ម ឬសង្គ្រាមទល់នឹងក្រុមប្រដាប់អាវុធផ្សេងទៀត ដែលជាតួអង្គមិនមែនជារដ្ឋ ហើយបែរមកផ្តោតលើយុទ្ធសាស្រ្តសង្គ្រាមទ្រង់ទ្រាយធំវិញ គឺសង្គ្រាម រវាងរដ្ឋ និងរដ្ឋ។
បើយើងមើលទៅលើកញ្ចប់ថវិកាការពារជាតិ ទាំង ៤១៣ពាន់លានអឺរ៉ូ ដែលលោកម៉ាក្រុង ទើបនឹងប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រកន្លងទៅនេះ យើងឃើញថា ថ្វីដ្បិតតែមុខចំណាយលម្អិតត្រូវបានដាក់ជាការណ៍សម្ងាត់យោធា ក៏ប៉ុន្តែ ជាគោលៗ មុខចំណាយជាអាទិភាពបានឆ្លុះបញ្ចាំង អំពីការផ្លាស់ប្តូរយុទ្ធសាស្រ្ត ដើម្បីត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមទ្រង់ទ្រាយធំ។ នៅក្នុងនោះ រួមមានជាអាទិ៍៖
ការពង្រឹងវិស័យការពារដែនអាកាស
លោកម៉ាក្រុងបានឲ្យដឹងថា មុខចំណាយទៅលើវិស័យការពារដែនអាកាសនឹងត្រូវបង្កើនយ៉ាងតិច ៥០% ដើម្បីធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលការពារដែនអាកាសគ្រប់ប្រភេទរបស់បារាំង ដោយក្នុងនោះ រាប់ទាំងប្រព័ន្ធប្រឆាំងនឹងដ្រូនផង។ ហើយក្នុងពេលជាមួយគ្នា ការចំណាយទៅលើប្រព័ន្ធមីស៊ីល និងសព្វាវុធសម្រាប់ប្រើក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយ ក៏ដូចជា ប្រព័ន្ធសព្វាវុធប្រឆាំងនឹងនាវាមុជទឹកក៏ជាវិស័យអាទិភាពមួយផងដែរ។
បង្កើនថវិកាផ្នែកចារកិច្ចយោធា
មុខចំណាយដ៏ចម្បងមួយទៀត ដែលនឹងត្រូវបង្កើនយ៉ាងច្រើនផងដែរ គឺគ្រោងបង្កើនរហូតដល់ទៅ ៦០% គឺវិស័យចារកិច្ច ជាពិសេស ផ្នែកចារកិច្ចយោធា។
ការសម្រេចពង្រឹងផ្នែកចារកិច្ចយោធានេះ គឺជាចំណុចមួយគួរឲ្យកត់សម្គាល់ ពីព្រោះថា នៅមុនសង្គ្រាមអ៊ុយក្រែន នៅក្នុងពេលដែលចារកិច្ចអាមេរិក និងអង់គ្លេសសុទ្ធតែបានសន្និដ្ឋានត្រូវ អំពីគម្រោងរបស់លោកពូទីន ក្នុងការចូលឈ្លានពានអ៊ុយក្រែន ចារកិច្ចបារាំងវិញបានសន្និដ្ឋានខុស ដែលនេះ គឺជាបរាជ័យដ៏ចម្បងមួយខាងផ្នែកចារកិច្ច។ បរាជ័យ ដែលធ្វើឲ្យប្រមុខទីភ្នាក់ងារចារកិច្ចយោធាបារាំងត្រូវបានដកតំណែងប្រមាណជាមួយខែក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
ដើម្បីពង្រឹងវិស័យចារកិច្ចយោធា នៅក្នុងបរិបទនៃការគំរាមកំហែងថ្មីនេះ បារាំងគ្រោងបង្កើន កញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារចារកិច្ចយោធា រហូតដល់ទៅទ្វេដងឯណោះ ធៀបនឹងកញ្ចប់ថវិកាដែលមានក្នុងពេលបច្ចុប្បន្ន។
ទំនើបកម្មសព្វាវុធនុយក្លេអ៊ែរ
អាទិភាពចម្បងមួយទៀត ហើយប្រហែលជាអាទិភាពចម្បងជាងគេបំផុត នៅក្នុងកញ្ចប់ថវិកាការពារជាតិថ្មីនេះ គឺវិស័យនុយក្លេអ៊ែរ។
ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ ទុកកំញើញគូសត្រូវ បារាំងគ្រោងយកថវិកាមួយផ្នែកធំ នៃកញ្ចប់ថវិកាទាំង ៤១៣ពាន់លានអឺរ៉ូ ទៅធ្វើទំនើបកម្មសព្វាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទំនើបកម្មទាំងទៅលើក្បាលគ្រាប់នុយក្លេអ៊ែរ ទាំងប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងទាំងប្រព័ន្ធសម្រាប់បាញ់មីស៊ីលនុុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បារាំងគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរពិភពលោកលំដាប់ទីបួន បន្ទាប់ពី រុស្ស៊ី អាមេរិក និងចិន ដោយនៅក្នុងពេលបច្ចុប្បន្ននេះ បារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជិត ៣០០គ្រាប់។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៩៩៦មក បារាំងលែងប្រើមីស៊ីលនុយក្លេអ៊ែរបាញ់ចេញពីដីទៀតហើយ ដោយមានតែប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរពីរប្រភេទតែប៉ុណ្ណោះ គឺប្រព័ន្ធមីស៊ីលផ្លូវអាកាស បំពាក់លើយន្តហោះធុន Rafale និង Mirage 2000 និងប្រព័ន្ធមីស៊ីលផ្លូវសមុទ្រ បំពាក់លើនាវាមុជទឹក ធុន Le Triomphant ដែលជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
បច្ចុប្បន្ននេះ បារាំងមាននាវាមុជទឹកធុន Le Triomphant នេះ ចំនួន ៤គ្រឿង ដោយក្នុងមួយគ្រឿងៗបំពាក់ទៅដោយមីស៊ីលបាលីស្ទិកអន្តរទ្វីប ចំនួន ១៦ដើម ហើយមីស៊ីលមួយដើមៗ មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៦គ្រាប់។
នៅក្នុងយុទ្ធសាស្រ្តនុយក្លេអ៊ែររបស់បារាំង នៅក្នុងចំណោមនាវាមុជទឹក Le Triomphant ទាំង ៤គ្រឿង ត្រូវរាយបណ្តាក់គ្នា ធ្វើយ៉ាងណាឲ្យមានយ៉ាងតិច ១គ្រឿង ត្រូវដាក់ពង្រាយនៅបាតសមុទ្រជាប់ជាប្រចាំឥតដាច់។ ក៏ប៉ុន្តែ ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែនមក បារាំងបានដាក់ពង្រាយនាវាមុជទឹកនេះរហូតដល់ទៅ ៣គ្រឿង ក្នុងពេលតែមួយ៕
ចិន៖តើក្រុងវូហានដែលជាប្រភពកំណើតមេរោគកូវីដ១៩ កាលពី ៣ឆ្នាំមុនពិតជាបានបិទទំព័រកូវីដ១៩ ជាស្ថាពរឬ?
នៅក្នុងប្រទេសចិន ពលរដ្ឋក្នុងក្រុងវូហានបានថ្លែងក្នុងថ្ងៃចន្ទ ទី២៣ មករាពីការបិទទំព័រកូវីដ១៩ និងបានផ្តើមមានជីវិតរស់នៅប្រចាំថ្ងៃជាធម្មតាឡើងវិញ។ គួររម្លឹកថាក្នុងរយៈពេល ៣ឆ្នាំ វូហានក៏ដូចជាទីក្រុង និងតំបន់ផ្សេងទៀតរបស់ចិនត្រូវបានរដ្ឋអំណាចបិទខ្ទប់ដើម្បីទប់ស្កាត់នឹងការឆ្លងរាតត្បាតដោយកូវីដ១៩។ គឺទើបថ្មីៗនេះដែលរដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចបើកប្រទេសទាំងស្រុងឡើងវិញ។ តែអ្វីដែលគ្រប់គ្នាបានសម្លឹងឃើញពេលនេះ ចិនកំពុងស្គាល់ការវាយលុកពេញទំហឹងពីកូវីដ១៩ ខណៈដែលចិនទើបបោះជំហានចូលឆ្នាំថ្មី។
មានទីតាំងស្ថិតប៉ែកកណ្តាលប្រទេស និងមានពលរដ្ឋរស់នៅចំនួន ១១លាននាក់ វូហានបានក្លាយជាទីក្រុងដ៏ចម្រូងចម្រាសខ្លាំងជាងគេ និងត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ។ ចាប់អារម្មណ៍ខ្លាំង និងចម្រូងចម្រាសខ្លាំងដោយសារនៅដំណាច់ឆ្នាំ ២០១៩ ទីក្រុងចិនមួយនេះបានរងការវាយប្រហារដោយមេរោគផ្លូវដង្ហើមមួយដែលគេមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ។ អ្វីដែលគេបានដឹង ផ្សារលក់គ្រឿងសមុទ្រ និងសត្វព្រៃក្នុងក្រុងវូហានជាប្រភពសង្ស័យចាប់កំណើតរបស់មេរោគមួយនេះ។ ក្នុងឆ្នាំ ២០២០ រដ្ឋអំណាចបានបិទទ្វារផ្សារមួយនេះជាស្ថាពរ។ ដើម្បីទប់ស្កាត់នឹងការឆ្លងរាតត្បាតរបស់មេរោគមួយនេះកាលណោះ រដ្ឋអំណាចក្រុងវូហានបានចាត់វិធានការចាស់ដៃដោយបិទខ្ទប់ក្រុងទាំងមូលក្នុងថ្ងៃទី២៣ មករា ឆ្នាំ ២០២០ សម្រាប់រយៈពេល ៧៦ថ្ងៃ។
ក្នុងរយៈពេល ៧៦ថ្ងៃ វូហានបានក្លាយជាក្រុងខ្មោច និងផ្តាច់ចេញពីពិភពលោកខាងក្រៅ ព្រោះអ្វីៗត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន គ្រប់មធ្យោបាយដឹកជញ្ជូន និងហាងលក់ទំនិញមិនចាំបាច់ត្រូវបានបិទទ្វារ។ ផ្លូវគ្មានមនុស្សដើរ និងគ្មានឡានបើកបរ សូម្បីតែកង់។ វិធានការមួយនេះកាលណោះបានធ្វើឲ្យពិភពលោក ពិសេសអ្នកក្រុងវូហានមានការភ្ញាក់ផ្អើលជាពន់ពេក។ ភ្ញាក់ផ្អើលដោយគេមិនដឹងថា តើមេរោគនោះជាមេរោគស្អីទៅបានជាចិនចាត់វិធានការខ្លាំងដល់ម្លឹង ឬមួយក៏ថា ចិនបានដឹង តែបែរជាលាក់មិនចង់ប្រាប់គេឯង?។
រឿងរ៉ាវបន្ទាប់មកដូចគ្រប់គ្នាបានដឹងរួចហើយ មេរោគនោះគឺកូវីដ១៩ ដែលមិនត្រឹមបានឆ្លងរាតត្បាតពាសពេញពិភពលោកប៉ុណ្ណោះទេ តែវាក៏បានសម្លាប់មនុស្សជាច្រើនលាននាក់ដែរ។ ៣ឆ្នាំក្រោយមក សំណួរដែលនៅមិនបន្តគ្មានចម្លើយ ឬមានចម្លើយស្រពិចស្រពិលមានច្រើន តើកូវីដ១៩ មានប្រភពពីណាពិតប្រាកដ បើវាមានប្រភពពីសត្វ រួចឆ្លងទៅមនុស្ស តើជាសត្វស្អី និងឆ្លងយ៉ាងម៉េច?។ កន្លងមក មានការលើកឡើងពីសត្វប្រចៀវដែលឆ្លងទៅសត្វពង្រូលរួចឆ្លងទៅមនុស្ស។ ទន្ទឹមគ្នានេះនៅបរទេស មានការសង្ស័យពីការបែកធ្លាយមេរោគកូវីដ១៩ ចេញពីមន្ទីរពិសោធន៍ក្នុងក្រុងវូហាន។
យ៉ាងណាក៏ដោយចាប់ពីអំណេះត ទៅ សម្រាប់ពិភពលោក និយាយជារួម និងសម្រាប់ចិន ពិសេសអ្នកក្រុងវូហាន និយាយដោយឡែក ព្រឹត្តិការណ៍កាលពី ៣ឆ្នាំមុនហាក់បានស្ថិតនៅខាងក្រោយដែលគេមិនត្រូវបែរមុខមើល និងមិនត្រូវបំភ្លេច តែត្រូវបោះជំហានទៅមុខ។ តែគេត្រូវរង់ចាំ ៣ឆ្នាំទើបចិនសម្រេចបើកប្រទេសទាំងស្រុងឡើងវិញ ខណៈដែលប្រទេសផ្សេងបានដាក់ខ្លួនរស់នៅ និងស៊ាំជាមួយកូវីដ១៩។ « យើងលែងភ័យខ្លាចទៀតឡើយ ហើយយើងចាប់ផ្តើមមានជីវិតធម្មតាឡើងវិញទាំងស្រុង » នេះជាការថ្លែងរបស់អ្នកក្រុងវូហានក្នុងថ្ងៃចន្ទ ទី២៣ មករា។ ជម្រើសបើកប្រទេសទាំងស្រុងជាថ្មីរបស់ចិនពេលនេះបានអនុញ្ញាតឲ្យពលរដ្ឋចូលរួមអបអរឆ្នាំថ្មីជួបជុំក្រុមគ្រួសារជិតឆ្ងាយដែលអ្នកខ្លះខកខានមិនបានជួបមុខគ្នាផ្ទាល់រយៈពេល ៣ឆ្នាំ។
តែគេមិនត្រូវភ្លេចនិយាយទេថា កូវីដក៏កំពុងចូលរួមយ៉ាងសកម្មជាមួយនឹងការបើកប្រទេសទាំងស្រុងរបស់ចិនពេលនេះដែរ នោះបើទោះបីជាកូវីដ មិនដឹងថាពេលនេះជារដូវចូលឆ្នាំថ្មីក៏ដោយ។ តាមគ្រូពេទ្យចិនជំនាញជំងឺឆ្លង តាំងពីរដ្ឋាភិបាលបានបើកប្រទេសទាំងស្រុងឡើងវិញមក មានពលរដ្ឋចិនប្រមាណជា ៨០% បានឆ្លងកូវីដ១៩។ ចំណែកចំនួនអ្នកស្លាប់ត្រូវបានចិនប្រាប់ថា មាន ៦០ ០០០នាក់គិតតាំងពីខែធ្នូ ឆ្នាំ ២០២២។ គ្រាន់តែចន្លោះថ្ងៃទី១៣ និង ១៩ មករានេះ មានស្លាប់ថ្មីយ៉ាងតិច ១៣ ០០នាក់។ តែសម្រាប់ក្រុមអ្នកជំនាញបរទេស ចំនួនស្លាប់អាចមានច្រើនជាងនេះឆ្ងាយណាស់បើធៀបនឹងចំនួនពលរដ្ឋសរុបចំនួន ១ ៤០០លាននាក់។ ការហ៊ាននិយាយដូចនេះព្រោះនៅចិន មន្ទីរពេទ្យកំពុងជោរជន់ដោយអ្នកជំងឺកូវីដ ហើយកន្លែងបូជាសាកសពក៏កំពុងចាល់ដោយអ្នកស្លាប់ដោយកូវីដដែរ។
មែនទែនទៅ ស្ថានភាពដែលចិនកំពុងស្គាល់សព្វថ្ងៃជាស្ថានភាពមួយដែលប្រទេសទាំងអស់ក្នុងលោកបានស្គាល់ និងបានឆ្លងកាត់រួចហើយ។ មួយវិញទៀត ជម្រើសបើកប្រទេសទាំងស្រុងឡើងវិញដែលចិនទើបធ្វើនេះក៏ជាជម្រើសដែលប្រទេសទាំងអស់ក្នុងលោកបានជ្រើសយកតាំងពីយូរមកដែរ។ ពិតណាស់ពេលនេះ ពិភពលោកមានថ្នាំព្យាបាល និងវ៉ាក់សាំងបង្ការកូវីដ។ តែទោះជាបានចាក់វ៉ាក់សាំងបង្ការប៉ុន្មានដូសក៏ដោយក៏នៅតែឆ្លងកូវីដដដែល គ្រាន់តែថា ហានិភ័យនៃការស្លាប់មានតិចជាងមិនចាក់។ សរុបមក មិនថានៅចិន ឬនៅប្រទេសផ្សេងឡើយ កូវីដកំពុងបន្តវិលវល់មិនទាន់ទៅណាឆ្ងាយ និងបើតាមមើលទៅ ពិភពលោកគ្មានជម្រើសអ្វីផ្សេងក្រៅពីរួមរស់ និងចាត់ទុកកូវីដជាផ្នែកមួយនៃជីវិតរបស់យើងម្នាក់ៗទេ៕
Mehr anzeigen
Ähnliche Sender ToXoRs minimalRADIO
Günzburg, Podcast, Trance, Techno, Minimal
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Mainz, Podcast, Rock, Indie, Alternative
London Taxi Radio
London, Talk, Podcast
radioH2o
Lorrainville, Talk, Podcast, Classic Rock, Rock
Radio hsf
Ilmenau, Rock, Podcast, Hip Hop
Radio Vercelli
Alessandria, Podcast
Straightsound
Berlin, Podcast
Nova 80
São Paulo, Pop, Podcast, Techno
ahoy radio
Hamburg, Alternative, Podcast, Electro, Indie, Urban
Radio DEEP Romania
Bukarest, Podcast, Film & Musical, Electronica, Dancehall
Radio Widok
Warschau, Podcast
SpyderMonkey Shanty Radio
Orcutt, Podcast, Rock, Folk, Shanty
Hören Sie ទស្សនៈព្រឹត្តិការណ៍ពិភពលោក, ភ្ញៀវប្រចាំថ្ងៃ und viele andere Radiosender aus aller Welt mit der radio.de-App ទស្សនៈព្រឹត្តិការណ៍ពិភពលោក
Jetzt kostenlos herunterladen und einfach Radio & Podcasts hören.
ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Zugehörige Podcasts
ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Zugehörige Sender